ដោយក្តីអាណិតអាសូរជាពន់ពេក លោកជំទាវបណ្ឌិត បានចាត់ចែងឱ្យបញ្ជូនវីរកងទ័ពឈ្មោះ ម៉ន ភក្ត្រា ភេទប្រុស អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង។ ហេតុតែបារម្ភខ្លាំងចំពោះសុខភាពរបស់វីរកងទ័ព «លោកជំទាវបណ្ឌិត» បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យលើមុខរបួស និងថែមទាំងបានណែនាំឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាពដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។
ជាងនេះទៅទៀតនោះ លោកជំទាវបណ្ឌិត បានណែនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។
ទន្ទឹមនឹងនេះផងដែរ លោកជំទាវបណ្ឌិត បានយកអំណោយរបស់ សម្តេចធិបតី និងអំណោយលោកជំទាវផ្ទាល់ ប្រគល់ជូនវីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សកម្មភាពទាំងនេះពិតណាស់បានបង្ហាញនូវទឹកចិត្តសប្បុរស ការយកចិត្តទុកដាក់ និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។