ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។
រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត៕