» នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា កងកម្លាំងកម្ពុជាចំនួន២រូប បានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ កងយុទ្ធពលខេមរភូមិន្ទនិងអ្នកពាក់ព័ន្ធទាំងអស់ បានរៀបចំក្រុមការងារដើម្បីទទួល ខណៈដែលមកដល់ពេលនេះក្រោមការយកចិត្តទុកដាក់មើលថែយ៉ាងដិតដល់ជាទីបំផុត ទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត។
លោកស្រី បានបញ្ជាក់ថា ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទ ក៏នៅតែបន្តអំពាវនាវម្តងហើយម្តង់ទៀតទៅភាគីថៃ សូមបញ្ជូនកងកម្លាំងកម្ពុជា ចំនួន១៨រូបផ្សេងទៀត មកកម្ពុជាឱ្យបានឆាប់រហ័ស ដែលជាការគោរពទៅតាមគោលការណ៍ច្បាប់មនុស្សធម៌។
ជាមួយគ្នានេះ កម្ពុជានឹងបន្តចរចាដើម្បីយកកងកម្លាំងរបស់កម្ពុជាឱ្យបានឆាប់ជាមួយសុវត្ថិភាពរបស់ពួកគាត់ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា កងកម្លាំងប្រដាប់អាវុធរបស់ថៃបានធ្វើល្បិចមកចាប់ដៃជាមួយទ័ពកម្ពុជា ប៉ុន្តែក្នុងពេលនោះ ពួកគេក៏បានភ្ជង់និងក្របួចកម្លាំងទ័ពខ្មែរទំាង២១នាក់យកទៅប្រទេសថៃ។ ក្នុងនោះមានម្នាក់ត្រូវបានថៃសម្លាប់ និងម្នាក់ទៀតធ្វើជាស្លាប់ហើយក៏បានរួចមកទឹកដីកម្ពុជាវិញ ៕