នាយករដ្ឋមន្រ្ដីអំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ
ថ្ងៃទី ៖ 20-05-2025, ដោយ Dara007 , 85 Views
កំពង់ស្ពឺៈ នាយករដ្ឋមន្រ្ដីកម្ពុជា បានអំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ខណៈដែលកម្ពុជាកម្ពុជារក្សាបាននូវភាគលាភនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់។ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតីថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការយ៉ាងល្អ ក្នុងការសម្រេចបាននូវការសាងសង់រោងចក្រ ផលិតស៊ីម៉ងត៍របស់ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ក្នុងតំបន់ហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែង ក្នុងការពង្រឹងបរិយាកាសវិនិយោគ ដើម្បីទាក់ទាញ វិនិយោគិន ឱ្យកាន់តែច្រើនមកកម្ពុជា ៕
|