|
កម្ពុជា វៀតណាម ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន២០ ពាន់លានដុល្លារ
ថ្ងៃទី ៖ 03-09-2025, ដោយ Dara007 , 123 Views
ភ្នំពេញៈ កម្ពុជា វៀតណាម បានជំរុញការដឹកជញ្ជូនរវាងប្រទេសទាំងពីរ ដើម្បីសម្រេចទំហំពាណិជ្ជកម្ម២០ ពាន់លានដុល្លារ ខណៈដែលពេលបច្ចុប្បន្នបានសម្រេចគោលដៅ ១០ពាន់លានដុល្លាររួចហើយ។
ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលដំណើរទស្សនកិច្ច និងចូលរួមបុណ្យឯករាជ្យជាតិវៀតណាមរបស់ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅអាយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្ដេចតេជោ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ដោយភាគីទាំងពីរបានជជែកពង្រឹងទំនាក់ទំនងកម្ពុជា និងវៀតណាមឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។
ក្នុងកិច្ចការជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ លោក ជា ធីរិទ្ធ បញ្ជាក់ថា នាយករដ្ឋមន្ត្រី វៀតណាម បានកត់សម្គាល់ និងបញ្ជាក់ជូនសម្ដេចតេជោថា ធ្វើយ៉ាងណាឱ្យភាគីទាំងពីរ ជំរុញបន្ថែមទៀតដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ដើម្បីសម្រេចគោលដៅ ផែនការពាណិជ្ជកម្មដែលប្រទេសទាំងពីរ ចង់បានគឺ ២០ ពាន់លានដុល្លារណៈភាគីទាំងពីរ បានសម្រេចគោលដៅ ១០ពាន់លានដុល្លាររួចហើយ ដែលត្រូវជំរុញបន្ថែមទៀត ដែលជាចំណុចស្នូលសំខាន់ក្នុងការពង្រីកនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
លោកបានបញ្ជាក់ថា ក្រៅពីពាណិជ្ជកម្ម ភាគីទាំងពីរក៏បានពិភាក្សាអំពីវិស័យទេសចរណ៍ ដើម្បីជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ ៕
|